វត្តភ្នំ (វត្តភ្នំដូនពេញ)
វត្តភ្នំដែលជាឈ្មោះនិងជានិមិត្តរូបនៃរាជធានីភ្នំពេញ ស្ថិតនៅលើកំពូលកូនភ្នំសិប្បនិម្មិត្តមានកម្ពស់២៧ម៉ែត្រដ៏ល្បីល្បាញមួយ នៅភាគឦសាន្តនៃរាជធានី។ បើតាមរឿងព្រេងបានដំណាលថា មានស្រ្តីមេម៉ាយម្នាក់ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ បានទាញគល់គគីដ៏ធំមួយចេញពីទន្លេ។ គាត់សង្ឃឹមថានឹងយកដើមគគីនោះមកសង់ផ្ទះ ប៉ុន្តែគាត់បានប្រទះឃើញពុទ្ធបដិមាបួនអង្គនៅក្នុងរន្ធឈើនោះ។ បន្ទាប់មក គាត់បានបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់មួយផ្នែក ដើម្បីកសាងបល្ល័ង្កតូចមួយទុកតម្កល់ពុទ្ធបដិមាទាំងនោះ។ ក្រោយមក ទីនេះបានក្លាយជាទីសក្ការៈបូជា ហើយប្រជាជនចាប់ផ្តើមមកតាំងទីលំនៅជុំវិញកូនភ្នំនោះ ហើយមិនយូរប៉ុន្មានតំបន់នេះបានក្លាយជារាជធានីមកទល់នឹងសព្វថ្ងៃនេះ។ ទីនេះហើយដែលរាជធានីត្រូវបានគេដាក់ឈ្មោះថា ភ្នំពេញ ហើយ ភ្នំ មានន័យថាទីទួល និង ពេញ ជាឈ្មោះរបស់ដូនចាស់ម្នាក់។
ព្រះបរមរាជវាំង
ព្រះបរមរាជវាំងនៅកម្ពុជាគឺជាកន្លែងគង់ប្រថាប់របស់ព្រះមហាក្សត្រកម្ពុជា។ បរិវេណព្រះបរមរាជវាំងជាបា្រសាទដ៏រឹងមាំរបស់ព្រះបាទ ពញាយ៉ាត (១៣៩៣-១៤៦៣) ហើយត្រូវបានកសាងឡើងវិញនៅឆ្នាំ១៨៨៦ នៅពេលដែលព្រះបាទ នរោត្តម (១៨៣៤-១៩៣៤) ផ្លាស់ប្តូររាជធានីពីឧដុង្គមកកាន់ភ្នំពេញ។ បា្រសាទដែលមានក្បូរក្បាច់រចនាដ៏ប្រណីតទាំងនេះ គឺជានិមិត្តរូបដ៏អស្ចារ្យនៃស្ថាបត្យកម្មបុរាណខ្មែរ ដែលគេប្រទះឃើញនៅកម្ពុជាបច្ចុប្បន្ននេះ។
ព្រះវិហារព្រះកែវមរកត
វិហារព្រះកែវមរកតស្ថិតនៅខាងក្នុងព្រះបរមរាជវាំង ដែលមានទីតាំងនៅក្បែរដងទន្លេមេគង្គ។
ព្រះបរមរាជវាំងត្រូវបានកសាងឡើងនៅឆ្នាំ១៨៩២ ក្នុងរជ្ជកាលព្រះបាទនរោត្តម ប៉ុន្តែត្រូវបានកសាងឡើងវិញដោយព្រះបាទនរោត្តមសីហនុនៅឆ្នាំ១៩៦២។ ព្រះអង្គបានខិតខំកសាងព្រះវិហារនេះ ដោយស្នាដៃដ៏អស្ចារ្យនៃសិល្បះខ្មែរជាមួយនឹងវប្បធម៌ដ៏រុងរឿងពីសម័យបុរាណ។ មានកម្រាលដែលធ្វើពីបា្រក់ជាង៥៣០០សន្លឹក ហើយមួយសន្លឹកៗមានទម្ងន់១.១២៥គីឡូក្រាម ត្រូវបានប្រើដើម្បីក្រាលធ្វើជាកម្រាលនៃវិហារព្រះកែវមរកត ដោយជនបរទេសហៅថា Silver Pagoda។ សន្លឹកបា្រក់ទាំងអស់មានទម្ងន់ជាង៦តោន។
សារមន្ទីរជាតិ
សារមន្ទីរជាតិរបស់កម្ពុជានៅរាជធានីភ្នំពេញ ជាសារមន្ទីរប្រវត្តិសាស្រ្តនិងបុរាណឈានមុខគេរបស់ប្រទេសនេះ។ សារមន្ទីរនេះត្រូវបានសម្ពោធបើកជាផ្លូវការដោយព្រះបាទស៊ីសុវត្ថិនៅឆ្នាំ១៩២០។
វិមានឯករាជ្យ
វិមានឯករាជ្យកសាងឡើងនៅឆ្នាំ១៩៥៨ សម្រាប់ជាស្តូបគោរពវិញ្ញាណក្ខ័ន្ធក្រោយពេលសង្រ្គាមបានបញ្ចប់នៅកម្ពុជា និងដើម្បីបា្ររព្ធនូវសេរីភាពនិងឯករាជ្យរួចពីការគ្រប់គ្រងរបស់បរទេស វិមាននេះឈរយ៉ាងខ្ពស់ត្រដែតនៅផ្លូវខ្វែងនៃមហាវិថីនរោត្តមនិងរុក្ខវិថីសីហនុ នៅចំកណ្តាលបេះដូងនៃរាជធានី។
ផ្សារធំថ្មី
ផ្សារធំថ្មីជាផ្សារមួយដែលត្រូវបានកសាងឡើងនៅឆ្នាំ១៩៣៧នៅឯទីលានចាក់សម្រាម។ ទីតាំងដែលផ្សារធំថ្មីស្ថិតនៅធ្លាប់ជាវាលភក់ល្បាប់ ហើយជោរជន់ទៅដោយទឹកបឹងតេជោ។ សព្វថ្ងៃនេះ ផ្សារដ៏ធំមួយនេះបានក្លាយជាកន្លែងដែលគេស្គាល់គ្រប់គ្នានៅទីក្រុងភ្នំពេញ។
ផ្សារទួលទំពូង (ផ្សាររុស្ស៊ី)
ផ្សារទួលទំពូងត្រូវបានគេស្គាល់ថាផ្សាររុស្ស៊ី ពីព្រោះផ្សារនេះមានប្រជាប្រិយភាពក្នុងចំណោមជនជាតិរុស្សីកំឡុងទសវត្សរ៍ឆ្នាំ១៩៨០។ ផ្សារនេះមានលក់ទៅដោយវត្ថុបុរាណពិតៗជាច្រើន។
ផ្សាររាត្រី
ផ្សាររាត្រីនៅទីក្រុងភ្នំពេញស្ថិតនៅខាងមុខផ្សារចាស់នៅក្បែរមាត់ទន្លេ និងជារឿយៗមានភ្ញៀវទេសចរជាច្រើនទៅទីនោះដើម្បីទិញឥវ៉ាន់ផ្សេងៗ។ បច្ចុប្បន្នមានស្តង់ជាង១៥០ បើកលក់ទំនិញផ្សេងៗចាប់ពីសម្លៀកបំពាក់ គ្រឿងតុបតែងកាយ រហូតដល់គ្រឿងសង្ហារឹមនិងវត្ថុអនុស្សាវរីយ៍ជាដើម។ ការបង្កើតឲ្យមានផ្សាររាត្រីនៅទីក្រុងភ្នំពេញ ជាការផ្តល់ជូនដល់ភ្ញៀវទេសចរក្នុងស្រុកនិងក្រៅស្រុកនូវកន្លែងសម្រាប់ទិញវត្ថុអនុស្សាវរីយ៍ត្រឡប់ទៅផ្ទះវិញ៕
មាត់ទន្លេ
មាត់ទន្លេជាកន្លែងដែលគួរឲ្យចាប់អារម្មណ៍មួយនៅក្នុងទីក្រុងរួមមាន ព្រះបរមរាជវាំង រង្គសាលជាច្រើន វិចិត្រសាល តៀម ភោជនីយដ្ឋាន និងហាងដែលស្ថិតនៅតាមបណ្តោយម្ខាងនៃផ្លូវស៊ីសុវត្ថិ ដែលអាចមើលទៅឃើញទន្លេចតុមុខ ទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។
ដំណើរកម្សាន្តតាមដងទន្លេ
នៅពេលទស្សនាកម្ពុជា អ្នកទេសចរអាចធ្វើដំណើរតាមដងទន្លេមេគង្គនិងគយគន់ទេសភាពដ៏ត្រកាលតាមបណ្តោយច្រាំងទន្លេ។ មានសហគមន៍ជាច្រើន រស់នៅប៉ប្រះនឹងមាត់ទន្លេអស់រយៈពេលជាច្រើនសតវត្សរ៍កន្លងមកហើយ។ អ្នកទេសចរអាចឈប់សំចតដើម្បីទទួលទានទឹកតែដ៏ឆ្ងាញ់ពិសារ ទស្សនាភូមិតូចៗនៅតាមបណ្តោយច្រាំងទន្លេ គយគន់បា្រសាទដែលអើតលឹមៗពីចម្ងាយ និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ នៅកណ្តាលបឹងធម្មជាតិនេះ។
No comments:
Post a Comment