ឆ្នេរអូរឈើទាល ស្រូបទាញទេសចរ
បើនិយាយដល់តំបន់ទេសចរណ៍ឆ្នេរ សមុទ្រកម្ពុជា ប្រជាជនកម្ពុជា ក៏ដូចជា អ្នកទេសចរជាតិ និងអន្តរជាតិ ភាគច្រើន តែងនឹកដល់ឆ្នេរសមុទ្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (កំពង់សោម) បច្ចុប្បន្ន ដោយសារឆ្នេរសមុទ្រមួយចំនួនធំ ត្រូវស្ថិត ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជន ទើបនៅសល់តែឆ្នេរមួយចំនួនប៉ុណ្ណោះ សម្រាប់ជាទីកម្សាន្តរបស់ទេសចរធម្មតា ក្នុងនោះ ឆ្នេរអូរឈើទាល ស្រូបទាញភ្ញៀវទេសចរច្រើនជាងគេ គ្រប់រដូវកាល។
ប៉ុន្តែ មានការរិះគន់ពីប្រជាពលរដ្ឋកម្ពុជា មួយចំនួនថា តំបន់ទេសចរណ៍ឆ្នេរសមុទ្រកម្ពុជា សព្វថ្ងៃ ហាក់ដូចជាខ្វះឆ្នេរសមុទ្រ សម្រាប់ អ្នកទេសចរ និងប្រជាពលរដ្ឋធម្មតា...។
ឆ្នេរអូរឈើទាល ជាឆ្នេរកម្សាន្តដែលទាក់ទាញភ្ញៀវទេសចរ បានច្រើនជាងគេ ដោយសារជាឆ្នេរដ៏ស្រស់ស្អាត នៅសល់កន្លែងទំនេរ សម្រាប់ឱ្យអ្នកទេសចរទូទៅ អាចទៅ លេងកម្សាន្តបានដោយសេរី ដោយមិនមានការបង់ថ្លៃ។ ប៉ុន្តែ សព្វថ្ងៃ ប្រជាពលរដ្ឋដែលបានទៅកម្សាន្តនៅឆ្នេរនេះ បាននិយាយថា អ្វីៗប្រែប្រួលអស់ទៅហើយ ព្រោះឆ្នេរដែល ទំនេរពីមុននោះ ពេលនេះស្ទើរគ្មានសល់ទៀតទេ ទើបអ្នកទេសចរមួយចំនួន បង្វែរគោលដៅទៅកម្សាន្តនៅឆ្នេរ-អូរត្រេះ វិញ។
ស្របពេលដែលមន្ត្រីទេសចរណ៍ខេត្ត-ក្រុង ប្តេជ្ញាជួយ ជំរុញវិស័យទេសចរណ៍ ឱ្យមានភាពប្រសើរឡើង ស្របតាម ទិសស្លោកក្រសួងទេសចរណ៍នោះ តំបន់ទេសចរណ៍ឆ្នេរ- សមុទ្រក្រុងព្រះសីហនុ បានទទួលរងនូវការរិះគន់ពីភ្ញៀវ-ទេសចរថា ការរីកចម្រើនមានតែសំឡេង និងរូបភាព ឯការ គ្រប់គ្រង និងអភិវឌ្ឍតំបន់ទេសចរណ៍ភាគច្រើន នៅមានភាពខ្វះចន្លោះ។
ស្របពេលដែលមន្ត្រីទេសចរណ៍ខេត្ត-ក្រុង ប្តេជ្ញាជួយ ជំរុញវិស័យទេសចរណ៍ ឱ្យមានភាពប្រសើរឡើង ស្របតាម ទិសស្លោកក្រសួងទេសចរណ៍នោះ តំបន់ទេសចរណ៍ឆ្នេរ- សមុទ្រក្រុងព្រះសីហនុ បានទទួលរងនូវការរិះគន់ពីភ្ញៀវ-ទេសចរថា ការរីកចម្រើនមានតែសំឡេង និងរូបភាព ឯការ គ្រប់គ្រង និងអភិវឌ្ឍតំបន់ទេសចរណ៍ភាគច្រើន នៅមានភាពខ្វះចន្លោះ។
អ្នកទេសចរភាគច្រើន ដែលបានទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍មាត់សមុទ្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (កំពង់សោម) បានរិះគន់ថា ទីក្រុងឆ្នេរសមុទ្រស្រស់ស្អាតរបស់កម្ពុជាមួយនេះ ជាទីពេញនិយមសម្រាប់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរបរទេស ប៉ុន្តែ សេវាទេសចរណ៍ ហាក់ដូចជាដើរថយក្រោយទៅវិញ ពោលគឺទោះបីហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្ត មានការរីកចម្រើន ផ្លូវថ្នល់ស្អាត សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រីកព្រោងព្រាត តែឆ្នេរសមុទ្រជាទី សម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តនោះ ហាក់ខ្វះឆ្នេរកម្សាន្តទៅវិញ។ ឆ្នេរសមុទ្រក្រុងព្រះសីហនុ ដែល ពីមុន សម្បូរឆ្នេរសម្រាប់ភ្ញៀវទេសចរលេងកម្សាន្តនោះ សព្វថ្ងៃ ឆ្នេរមួយចំនួនត្រូវព័ទ្ធរបងទុកចោល និងខ្លះទៀត ត្រូវ ក្រុមហ៊ុនឯកជនយកធ្វើអាជីវកម្ម ដែលប្រជាពលរដ្ឋខ្មែរសាមញ្ញ គ្មានលទ្ធភាពអាចចូលទៅកម្សាន្តបាន ពោលគឺ សម្រាប់តែអ្នកសម្បូរលុយប៉ុណ្ណោះ។
ដោយឡែក ឆ្នេរអូរឈើទាល ដែលពីមុនមានវិសាលភាពវែងអន្លាយ សម្រាប់ប្រជាពលរដ្ឋ លេងកម្សាន្តនោះ ឥឡូវឆ្នេរដែលទំនេរកាន់តែរួមតូច ព្រោះផ្ទៃឆ្នេរមួយភាគធំ (ស្ទើរទាំងអស់ នៅឆ្នាំ២០១២នេះ) បាន ក្លាយជាកន្លែងឯកជនប្រកបរបរលក់ដូរ និងបង់ថ្លៃសម្រាប់ការចូលទៅកម្សាន្ត ដែលចំណុចនេះ ជាការរំខានយ៉ាងខ្លាំង ដល់ការកម្សាន្តរបស់អ្នកទេសចរ ជាពិសេស អ្នកទេសចរជាតិ ដែលជាប្រជាពលរដ្ឋសាមញ្ញ ចូលចិត្តកន្លែងកម្សាន្តដែល មានសេរីភាព មិនចំណាយច្រើនពេក ស្របតាមកម្រិតជីវភាពរបស់ប្រជាជន ហើយក៏ស្របនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនផងដែរ។ ពិសេស ពេលដល់រដូវបុណ្យទាន តម្លៃ សេវាផ្សេងៗ រួមទាំងម្ហូបអាហារ មានការដំឡើងថ្លៃស្រេចតែចិត្ត ដែលអាជ្ញាធរមិនបានយកចិត្តទុកដាក់គ្រប់គ្រងបញ្ហា ទាំងនេះឡើយ ដោយបណ្តោយឱ្យប្រយោជន៍ពីវិស័យទេសចរណ៍ ធ្លាក់ទៅលើបុគ្គល ច្រើនជាងប្រយោជន៍សង្គម។
អ្នកស្រីនាង អាយុ៤៤ឆ្នាំ ជាអាជីវករ នៅរាជធានីភ្នំពេញ ដែលបាននាំក្រុមគ្រួសារទៅកម្សាន្តនៅឆ្នេរសមុទ្រ អូរឈើទាល ក្រុងព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បានប្រាប់ “តារា” កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១២ ថា អ្នកស្រី និងក្រុមគ្រួសារ ចូលចិត្តមកកម្សាន្តនៅតំបន់ឆ្នេរសមុទ្រណាស់ ពិសេស ឆ្នេរសមុទ្រក្រុងព្រះសីហនុ ព្រោះមាន ឆ្នេរល្អ ខ្សាច់សស្អាត ទឹកថ្លាឆ្វង់ ត្រជាក់ស្រេង ងូតលេងសប្បាយ ហើយជាធម្មតា ក្រុមគ្រួសារអ្នកស្រីតែងសម្លឹង រកកន្លែងកម្សាន្តដែលមិនសូវចំណាយលុយកាក់ច្រើន ឬឆ្នេរណាដែលទំនេរ អាចក្រាលកន្ទេល ជុំគ្រួសារ អង្គុយលម្ហែ ស្រូបខ្យល់អាកាសបរិសុទ្ធ នាតំបន់មាត់សមុទ្រ។ ពិសេស នៅឆ្នេរអូរឈើទាល ដែលសល់ពីការព័ទ្ធរបង និងការ លក់ដូររបស់អាជីវករ តែពេលនេះ កន្លែងដែលសល់ទំនេរពីមុនមកនោះ លែងទំនេរទៅហើយ ព្រោះត្រូវអាជ្ញាធរជួលឱ្យ អ្នកលក់ដូរ មកសង់តូបប្រក់តង់ ក្រាលកន្ទេល និងតង់កៅស៊ូ បែបអនាធិបតេយ្យ សម្រាប់ជួលឱ្យអ្នកចង់ទៅកម្សាន្ត នៅតំបន់ឆ្នេរនោះ ដោយ១កន្លែង មានតែកន្ទេល១ ត្រូវបង់ថ្លៃ ៥.០០០រៀល។ ឯកន្ទេលដែលអ្នកស្រីត្រៀមបម្រុងពីផ្ទះ សម្រាប់ក្រាលអង្គុយលេងជាមួយក្រុមគ្រួសារនោះ ពុំមានឱកាសបានក្រាលទៀតទេ។
អ្នកស្រីបានបន្តថា ឆ្នេរសមុទ្រឥឡូវ ហាក់ដូចជាខ្វះកន្លែងទំនេរសម្រាប់ប្រជាពលរដ្ឋធម្មតាលេងកម្សាន្ត តែមិនមែន ខ្វះឆ្នេរធម្មជាតិនោះទេ គឺមកពីការគ្រប់គ្រងមិនបានល្អ របស់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ខណៈដែលឆ្នេរភាគច្រើន ត្រូវបាន ឯកជនគ្រប់គ្រង។ អ្នកស្រីបន្ថែមថា ទោះបីយ៉ាងណា អ្នកស្រីមានភាពសប្បាយរីករាយ ស្រស់ថ្លាចិត្ត ក្រោយពីបាន ស្រូបខ្យល់អាកាសបរិសុទ្ធនៅមាត់សមុទ្រ និងបានចុះងូតទឹកលេងជាមួយក្រុមគ្រួសារ...។
ប្រជាពលរដ្ឋកម្ពុជាទូទៅ សំណូមពរដល់ក្រសួងទេសចរណ៍ ក៏ដូចជាមន្ទីរទេសចរណ៍ គ្រប់ខេត្ត-ក្រុង រៀបចំ តំបន់ទេសចរណ៍ទូទាំងប្រទេស ឱ្យស្របតាមលក្ខណៈបច្ចេកទេស បម្រើប្រយោជន៍រួម ច្រើនជាងប្រយោជន៍បុគ្គល ទើបវិស័យទេសចរណ៍កម្ពុជា អាចរីកចម្រើនតាមស្តង់ដារ ដូចពាក្យថា “កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ”, “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ” នោះទៅបានហើយ បើបណ្តោយឱ្យស្ថានភាពដូចសព្វថ្ងៃនេះនៅតែបន្តនោះ វិស័យ-ទេសចរណ៍កម្ពុជា ពិបាកនឹងងើបមុខប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់បានណាស់។
គួរបញ្ជាក់ដែរថា ឆ្នេរសមុទ្រកម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ស្អាតជាងគេ របស់ពិភពលោក ជាផ្លូវការ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ ក្នុងសម័យ- ប្រជុំលើកទី៧ របស់ក្លឹបនេះ ក្នុងប្រទេសសេនេហ្គាល់ ដែលចាត់ទុកជាមោទនភាពរបស់ កម្ពុជា ហើយប្រជាជនកម្ពុជា បានចូលរួមអបអរដោយក្តីរំភើបគ្រប់ៗគ្នា។ ប៉ុន្តែ ប្រជាជនកម្ពុជាភាគច្រើន មានការមិនពេញចិត្ត នៅពេលដែលឆ្នេរសមុទ្រដ៏ស្រស់ស្អាត របស់កម្ពុជា ភាគច្រើនត្រូវគ្រប់គ្រងដោយក្រុមហ៊ុនឯកជន ធ្វើឱ្យប្រជាជនកម្ពុជា-សាមញ្ញ មិនមានឱកាសបានទៅលេងកម្សាន្ត។ ទោះយ៉ាងណា ប្រជាជនកម្ពុជា ចង់ឱ្យមានការរៀបចំ និងគ្រប់គ្រងតំបន់ឆ្នេរ ប្រកបដោយតម្លាភាព និងភាពស្មើមុខស្មើមាត់ ដើម្បី ឱ្យពួកគាត់បានទទួលប្រយោជន៍ពីឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខ្លួនផង៕
ពិធីបុណ្យសមុទ្រឆ្នាំនេះ សម្រេចធ្វើឡើងវិញ នៅក្រុងកែប
ភ្នំពេញ៖ ពិធីបុណ្យសមុទ្រ គឺជាព្រឹត្តិការណ៍ដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍ ដ៏ធំជាច្រើន ក្នុងប្រទសកម្ពុជា ដែលទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិច្រើនបំផុត។ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែល និយមចូលចិត្ត នាំគ្នាមកកម្សាន្ដ នៅឆ្នេរសមុទ្រ ក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំនេះ ពិធីបុណ្យសមុទ្រ នឹងចាប់ផ្តើមដំណើរការ ជាផ្លូវការឡើងវិញ ដែលធ្វើនៅក្រុងកែប មានរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៧ និង ៨ ខែធ្នូ ឆ្នាំ ២០១៣ ខាងមុខនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណ:កម្មាធិការជាតិ អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ បុណ្យសមុទ្រឆ្នាំនេះ គម្រោងនាំយកកីឡា ជាច្រើនប្រភេទ សម្រាប់ចូលរួមពិធីបុណ្យ សមុទ្រលើកនេះ ព្រោះជាបុណ្យប្រចាំឆ្នាំ ដែលកម្ពុជាទើប នឹងធ្វើបានចំនួន ២ ដង រាប់ទាំងឆ្នាំនេះផង។ លោកបានបន្តថា ប្រភេទកីឡាដែលនាំ យកចូលរួមមាន កីឡាប្រដាល់ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡទ្រីយ៉ាត្លុង ( ហែលទឹក ជិះកង់ និងរត់ប្រណាំង) កីឡាអត្តពលកម្ម (រត់ប្រណាំងបែបកម្សាន្ត) កីឡាឆ័ត្រម៉ាស៊ីន (កីឡាហោះហើរ) កីឡាប្រណាំងម៉ូតូទឹក (Jet Ski) ចំបាប់ និងហែលទឹកជាដើម។ បុណ្យសមុទ្រ ក៏មានការតាំងពិព័រណ៍ និងកម្មវិធីសិល្បៈ ទៀតផង។
លោកបានបន្តទៀតថា ពិធីបុណ្យសមុទ្រ រៀបចំឡើងក្នុងគោល បំណងអបអរសាទរ ឆ្នេរសមុទ្រកម្ពុជា បានជាប់ជាឆ្នេរ ដ៏ស្រស់ស្អាតជាងគេ លើពិភពលោក និងជាការចូលរួម ផ្សព្វផ្សាយពីវិស័យទេសចរណ៍ នៅកម្ពុជាផងដែរ ។ កាលពីឆ្នាំ២០១១ បុណ្យសមុទ្រនៅខេត្ត ព្រះសីហនុ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួម មិនតិចជាង១០ម៉ឺននាក់។ សម្រាប់ឆ្នាំនេះ ពិធីបុណ្យសមុទ្រ ធ្វើនៅខេត្តកែប ដែលមានរយៈ ២ ថ្ងៃ ប្រហែលជាមាន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលរួមច្រើនជាង ១០ម៉ឺននាក់ឯណោះ៕
No comments:
Post a Comment